គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំអំពី «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីពង្រឹងវិស័យអប់រំ និងធានាដល់និរន្តរភាព នៃការសិក្សារបស់សិស្សគ្រប់កម្រិតទូទាំងប្រទេស។ ជាងនេះទៅទៀត គឺការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព សមធម៌ និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានជំរុញឱ្យក្រសួងអប់រំ បន្តពង្រឹងយុទ្ធសាស្ត្រ ក្នុងការផ្តល់ទំនុកចិត្តដល់មន្ត្រីអប់រំ សាធារណជន ជាពិសេសអាណាព្យាបាល លើប្រក្រតីភាពការអប់រំ តាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។ លើសពីនេះ ក្រសួងក៏ត្រូវគិតគូរ សម្របខ្លួន និងការត្រៀមខ្លួនចំពោះភាពមិនទៀងទាត់នៃដំណើរវិវត្តសង្គម និងពិភពលោកដែលអាចជះឥទ្ធិពលដល់វិស័យអប់រំ និងជំរុញយន្តការនៃការកៀរគរដៃគូសហការ គាំទ្រ ដើម្បីការអភិវឌ្ឍវិស័យអប់រំ ជាពិសេសការកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា។
«ក្រសួងអប់រំ បន្តពង្រឹង និងលើកកម្ពស់ការអប់រំបែបឌីជីថល ដើម្បីត្រៀមខ្លួនក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងឆ្លើយតបការវិវត្តចុងក្រោយ នៃបរិបទបដិវត្តឧស្សាហកម្ម៤.០ផងដែរ»។ នេះជាការលើកឡើងរបស់ លោក ម៉ានី ដែលបានបន្តលើកទឹកចិត្តដល់ក្រសួងអប់រំ ឱ្យបន្តការប្រើប្រាស់ និងកែច្នៃអ្វីដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបម្រើជាប្រយោជន៍ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងជាបន្តបន្ទាប់ក្នុងវិស័យអប់រំកម្ពុជា។
លើសពីនេះ លោក ម៉ានី ក៏បានលើកឡើងបន្ថែមដូច្នេះថា៖«ក្រសួងអប់រំ បានខំប្រឹងប្រែងជំរុញឱ្យមានការបង្រៀនអនឡាញ ក្នុងដំណាក់ដ៏លំបាក ដើម្បីធានានូវការបង្រៀន ការសិក្សាអប់រំ ហើយកូនសិស្សអាចរៀនបន្ថែម ទោះបីវាមិនស្មើការរៀនក្នុងថ្នាក់ តែបានខ្លះគ្រាន់បើជាងអត់»។
ទន្ទឹមនឹងនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងផងដែរថា ការពង្រឹងវិស័យអប់រំឆ្លើយតបនឹងបរិបទថ្មីនេះ ក្រសួងបានដាក់ចេញនូវ កម្មវិធីកំណែទម្រង់សាលារៀន តាមរយៈការអនុវត្ត សាលារៀនមានប្រសិទ្ធភាព ដែលផ្តោតលើការវាយតម្លៃសិក្សា និងការផ្សព្វផ្សាយជាសាធារណៈ ការបង្កើនគណនេយ្យភាពរបស់សាលារៀន, ដើម្បីលើកកម្ពស់ស្វ័យភាពនៅក្នុងការគ្រប់គ្រង សាលារៀន និងការបង្រៀន។ លើសពីនេះ គឺការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដែលផ្តោតលើសាលារៀនមាន គណនេយ្យភាព, សាលារៀនមានស្តង់ដាខ្ពស់តាមសតវត្សទី២១, និងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់បន្ថែមថា៖«ក្រសួងបានលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១ តាមរយៈការជំរុញការសិក្សារបស់សិស្ស ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង និងការបង្កើត App ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ»។ លោក បន្តថា ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀនសូត្របានល្អនៅកម្រិតថ្នាក់ដទៃទៀត។
ជាងនេះទៅទៀត ក្រសួងអប់រំ ក៏បង្កើតឱ្យមានការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល, ការអនុវត្ត កម្មវិធីសិក្សាបង្រួញ, ការថតវីដេអូបង្រៀន, ការរៀបចំ App ដោយមានកិច្ចសហការពី សសយក, ការបង្កើតទូរទស្សន៍អប់រំ, ការអនុវត្តកម្មវិធីសិក្សាតាមបែបស្វ័យសិក្សា, ការប្រើប្រាស់ សន្លឹកកិច្ចការ, ការចងក្រងគ្រូតាមមុខវិជ្ជា, និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀននិងរៀន ដើម្បីឱ្យសិស្សបានរៀនសូត្រទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ៕
0 comments:
Post a Comment